សូរៈ ប្រែថាក្លៀវក្លា ទេមិនមែនទេ ថា អង់អាច ថាក្លៀវក្លា (សី ហៈ នាទៈ) ថាបន្លឺគំទ័រឡើងដូចជាសម្រែក រាជសីហ។ គឺគេយកព្រះរាជតេជះអំណាចរបស់ព្រះករុណានោះ ទុកថាមានតេជះនោះក្អេងក្អាងខ្ទរខ្ទ័រអីទៅ។ វាដូចជាសម្រែកសត្វសីហៈ ដូចជាសម្រែកលីយ៉ុង។ រួចបើអានសាៗ នែកៗ! សូសីហនាទ វាទៅជាឮសីហនាទទៅវិញ។ ពីព្រោះសូរដែលយើងឮ សូរហ្នឹង អាហ្នឹងក៏ដាក់រពីមុខ។
ស្នូរហ្នឹងក៏មាន រ ពីមុខ។ ស្នូរ គឺដែលឮមកពីសូរ រួចចុះបើអានសូសីហនាទទៅហើយ វាទៅជាៗ ឮសំឡេងសីហនាទទៅវិញ។ រួចអ្នកអានហ្នឹងមិនដឹងជាខុសទេ ទុកជាគេនិយាយប្រាប់ថាខុស ក៏ចចេសមុខរឹងនៅហ្នឹង មកអំពីប្រកាន់មានះ។ រួចតែមានះហ្នឹង ដូចជាអាត្មាជម្រាបមុន អស់លោកក៏បានយកទៅរាយរាប់ក្នុងសៀវភៅទស្សនាវដ្ដីហើយ។ អាត្មាសុំនិយាយពី មានះ ហ្នឹងបន្តិចទៅចុះ ទោះកើតមិនកើតក៏ប៉ុនច្បាប់យើង សាសនាយើងគេនិយាយអ៊ីចឹង។ មានះ បាលីហៅ មានៈ យើងប្រើ មានះ តាមសំស្ក្រឹត។ សំស្ក្រឹតគេអានថា “ម៉ានាស” អក្សរ “ស” នៅពីមុខ រួច ស នោះឯង បើគេចង់ផ្លាស់ទៅជាវិសជិនីយ ទៅជារះមុខនោះ ហ្នឹងគេដាក់ “ហ” ពីមុខ បើយើងសរសេរអក្សរបារាំងគេដាក់ ហ ពីមុខ ដូចជា ព្រះ ដូចជា តេជះ អ៊ីចឹង គេសរសេរ ព្រះ ហ្នឹង គេសរសេរ Preah គេមិនដាក់ S ទេ គេអានថា ព្រះ, កុំឲ្យអាន, ទុកដូចជារះមុខ អក្សរ ហ នោះឯង ព្រោះសំស្ក្រឹតគេប្រើអ៊ីចឹង សូមជ្រាប។ និងរាយដល់ទៅ សារពត៌មាន [សារៈ-ព័ណ-ដ-មាន] សូមចាំអ៊ីចឹងចុះ គឺដំណឹង សេចក្ដីអ្វី ដែលមានប្រយោជន៍ គួរចង់ដឹង គួរចង់ស្ដាប់ អាហ្នឹងគេហៅថា សារពត៌មាន។ កុំឆ្ងល់នឹងពាក្យ ពត៌មាន នោះ ពត៌មាននោះប្រែថា ហេតុ ថាសេចក្ដី ថាដំណើរ ថារឿងដែលកំពុងតែមាន កំពុងតែប្រព្រឹត្តទៅ [វ.រៈ.ត.ម៉ានៈ] ហ្នឹងថា ដែលកំពុងតែប្រព្រឹត្តទៅ ដែលលោកទៅយល់ថាយក ណ មកដាក់ថា ព័ណ៌ដ៏មាន [ព.រ៉ាន់.ណៈ.ដ.មាន] នោះ វាទៅជាសម្បុរទៅវិញទៅហើយ មិនមែនទេ! យល់ហ្នឹងខុសទេ! ឯលោកថា សារៈប្រវត្តិនេះក៏ប្រើបានមិនអីទេ។ សារប្រវត្តិ, ប្រវត្តិក៏ប្រែថាដំណឹងដែរ។ សំស្ក្រឹតថា “ប្រវឫត្តិ” ៗ យើងយក វ ជា ព ទៅជា ប្រព្រឹត្តិ ដែលយើងថា ប្រព្រឹត្តិ សព្វថ្ងៃនេះ។ បើជានាមសព្ទ គេសរសេរ ប្រព្រឹត្តិ ការប្រព្រឹត្តិ សេចក្ដីប្រព្រឹត្តិ។ ចុះបើជាកិរិយាសព្ទ គេហៅ អព្ភន្តរកិរិយាគេសរសេរ ប្រព្រឹត្ត មកអំពីពាក្យថា ប្រវឫត្ត សំស្ក្រឹតថា ប្រវត្តិ អះ! បាលីហៅ ប្រវត្តិ សំស្ក្រឹតថា ប្រវឫត្តិ។ ឥឡូវបើលោកចង់ឲ្យថា សារប្រវត្តិ ក៏ត្រូវដែរ ក៏ប៉ុន្តែគេមិនបានប្រើទៅហើយ (បើ)យើងបង្កើតទៀត វានាំឲ្យទៅជាមួយជាពីរ សុំជ្រាបប៉ុណ្ណឹង។ លោកនេះសួរមានប្រយោជន៍ដែរ ពីព្រោះលោកចេះឆ្ងល់ និងសមរម្យគួរដោះស្រាយ។
ទីពីរលោកសួរជាពាក្យថា បៀវត្ស ឬ បៀវត្សរ៍ ប៉ុន្តែអានថា បៀវត្ស ដូចគ្នា “រ” បដិសេធចេញ។ ពាក្យនេះមានន័យប្រាកដ អះ! មានន័យថាប្រាក់រង្វាន់ឆ្នាំ។ យល់ហ្នឹងត្រូវហើយ …បុគ្គលិក ណាដែលធ្វើការជូនរាជការ ឬឯកជនក្នុងមួយឆ្នាំៗ គេបើកប្រាក់ឲ្យម្ដង ប្រាក់នោះហៅថា ប្រាក់បៀវត្សរ៍ ចុះបើបុគ្គលិកនោះធ្វើការជូនរាជការ ឫឯកជនក្នុងមួយខែ ក្នុងមួយខែៗគេបើកប្រាក់ឲ្យម្ដងប្រាក់នោះតើគេតែងនាំគ្នាហៅ ថា ប្រាក់បៀវត្សរ៍ដែរ? តើគេហៅនោះខុសឬត្រូវ? បើសិនជាខុស…, បើសិនជា ហ្នឹងឥតកើតទេ ប្រសិនបើខុស សុំឲ្យលោកផាន់យល់អ៊ីចឹង! គេមិនដែលនិយាយ បើសិនជាទេ។ បើសិនជា ទើបឥឡូវនេះទេ គេថា ប្រសិនបើខុស តាដាក់ “ជា” មក វាទៅជាវិកត្តិកត្តា ដូចអាត្មានិយាយពីថ្ងៃមុនថា ប្រសិនបើជាប្រាក់ប៉ុណ្ណោះ តើអ្នកយកឬទេ? ឥឡូវខ្ញុំជំពាក់អ្នកមួយរយរៀល (១០០៛) ខ្ញុំសូមជូនតុមួយ កៅអីមួយដំបរ សុទ្ធតែឈើបេង តើបងឯងយកឬទេ? ប្រសិនបើ អើ! ប្រសិនបើជារបស់ហ្នឹង អានេះបានវាត្រូវ។ បើសិនជា នេះគឺអាត្មាមិនចេះទេ លោកត្រូវលែងប្រើទៅអ្ហី! ប្រើ ប្រសិនបើ ទៅ! …ប្រសិនខុស តើគួរហៅយ៉ាងណាទៅវិញ? ត្រង់ហ្នឹងលោកយល់ដូចជាត្រូវហើយ ប៉ុន្តែវា យើងនឹងលុបលាងក៏វាមិនមានប្រយោជន៍អីទេ។
អាត្មាសូមពន្យល់ត្រង់ណេះមានក្នុងវចនានុក្រមហើយអាត្មាចាំ។ បៀកាលនោះ យើងចាយបៀ។ សម័យចាយបៀនោះ គឺយកបៀក្នុងសមុទ្ទហ្នឹងមក មិនដឹងជាមានត្រា មានចម្លាក់ដូចម្ដេចទេ យកមកចាយជំនួសប្រាក់ ពីព្រោះបុរាណពីដើមក្នុងគម្ពីរខាងសាសនាក៏មាន គេហៅ [កៈ-ហា-ប៉ៈ-ណៈ] សំស្ក្រឹតហៅ ការ្សាបណៈ យើងហៅប្រាក់កហាបណៈហ្នឹង ដូចជាយើងហៅ រៀល យើងហៅរូពី យើងហៅខ្ចាបភូមាអ៊ីចឹង យើងហៅផ្ជះ ហៅអ៊ីចឹង ប៉ុន្តែគេហៅ កហាបណៈ។ កាហាបណៈហ្នឹងមានឈ្មោះច្រើនយ៉ាងណាស់ មានកាហាបណៈជ័រ មានកាហាបណៈ នែក! ស្ពាន់ មានកហាបណៈតួសាច់ប្រាក់ មានកាហាបណៈតួសាច់មាសចឹង។ ដូចជាគេប្រើហ្វ្រង់ ប្រើអី ហ្វ្រង់មាស ហ្វ្រង់ប្រាក់ ដូចជាឥឡូវមាន nouveau franc មាន ancien franc អ៊ីចឹងហ្នឹង គឺ បៀហ្នឹងគេយកមកចាយជំនួសប្រាក់។ ជាន់ចាយបៀហ្នឹងអាត្មាក៏មិនចាំទេ មិនដឹងក្នុងរជ្ជកាល រាជព្រះអង្គណាទេ ក្នុងប្រទេសយើង។ ក៏អស់លោកពីដើមនាហ្មឺននាសែនគ្មានប្រាក់ខែ គឺមួយឆ្នាំត្រូវបានរង្វាន់ម្ដង ដូចអាជ្ញាហ្លួង ដូចមេកងបើកស្ម័គ្រ អាជ្ញាហ្លួង មេកងទារពន្ធស្រូវ អាជ្ញាហ្លួងមេកងពន្ធទាស កត់ដំណាំអីស្អីៗ យកពន្ធពីរាស្ត្រនោះ ហ្នឹងគឺមួយឆ្នាំត្រូវបានម្ដង។ ប៉ុន្តែនឹងមិនយកមកនិយាយ និយាយពីអ្នកដែលត្រូវទទួលរង្វាន់នោះ មួយឆ្នាំបើកម្ដង បានជាបុរាណហៅថា បៀវត្សរ៍ [វ័ត.សៈ] ឬ [វ័ត.សារៈ] ហ្នឹងប្រែថា ឆ្នាំ ពាក្យសំស្ក្រឹតវាក្លាយមកខ្លះ បាលីហៅថា សំវច្ឆរ [ស័ង.វ័ច.ឆៈ.រៈ] រួចសំស្ក្រឹតហៅ [វ័ត.សារៈ] ឬ [វ័ត.សៈ] វ័ត.សៈ ដូចពាក្យថាវស្សាអ៊ីចឹង គឺឆ្នាំ ប្រាក់ហ្នឹងមួយឆ្នាំត្រូវបានម្ដង បានជាហៅថា បៀវត្សរ៍ រួចម៉េចក៏ថា បៀ ពីព្រោះ បៀ មែន មានប្រាក់អីអាហ្នឹង ចុះដល់ឥឡូវអស់ចាយ បៀ ទៅ ពាក្យហ្នឹងវាក៏ជាប់មកយកប្រាក់ យកកាសហ្នឹងជាជំនួសបៀហ្នឹងទៅក៏ពាក្យហ្នឹងវានៅជាបៀអីចឹង នៅជាបៀអីចឹង។ ចុះឥឡូវប្រាក់ខែប្រាក់ថ្ងៃ? ប្រាក់ខែ បើយើងហៅថា មាសិក គេសួរថា ប៉ុន្តែគេមិនបង្កើតទេពាក្យហ្នឹង។ គេសួរថាលោកហ្នឹង អ្នកហ្នឹង ធ្វើការហ្នឹង ធ្វើបានប្រយោជន៍យ៉ាងម៉េច? ថាគេមាន មាសិក។ ចាំថា មាសិកអី! បើប្រាក់ខែងាយថាសឹងងាប់។ អ៊ីចុះ បើប្រាក់ថ្ងៃគេថា ទិនិ, ទិនិ គឺប្រាក់ដែលបានរាល់ថ្ងៃ បានជាពាក្យនេះក៏ប្រើហើយ ឥឡូវហើយ គឺថាអ្នកទិនិនោះគឺមនុស្ស គឺ Journalier ថា ទិនិ មកពី ទិន [ទិ-នៈ] ប្រែថាថ្ងៃ រួចទិកៈ បច្ច័យនេះចុះមក suffic នោះមកទៅជា ទិនិ ប៉ុន្តែបើឲ្យត្រូវគេថា ទីនិក ដ្បិតអំណាចអ៊ិកនោះ វានៅចុងត្រូវអ៊ិ [ិ] វាទៅជាអ៊ី [ី] ពាក្យណាខ្លីឲ្យទៅជាវែង ប៉ុន្តែថាដែលហៅឲ្យស្រួលមាត់ គេហៅថាទិនិក-ទិនិកទៅហើយ។ ទិនិក បើ មាស [មា.សៈ] នោះវាខែ ឥឡូវបើ មា នោះអក្សរវែងស្រាប់ មិនបាច់ធ្វើអ្វីទៀតទេ ថា មាសិក បើស្រីទៅជា មាសិកា អ្នកស៊ីប្រាក់ខែ រួចបើស៊ីប្រាក់ថ្ងៃ ថាបើប្រុស ថា ទីនិក បើស្រីថា ទីនិកា (សើច…) ថាយើងទៅអ៊ីចឹង វានាំឲ្យពិបាក នេះគឺបើនិយាយតាមហ្នឹងទៅអីចឹង។ រួចបើថាប្រាក់ឆ្នាំ អាហ្នឹងស៊ឹមថា! អើ ស្អីទៅ កុំថាបៀទៀតនោះ! អាហ្នឹងវាទៅជា វត្សិ វាទៅជា វត្សិ វត្សិកា ឲ្យវាចំតែម្ដងទៅ វត្សិ វត្សិកា ឬបើថានៅតែ បៀវត្សរ៍ដដែលក៏ថាទៅចុះសុំឲ្យលោកជ្រាបអីចឹងផងទៅចុះ លោកផាន់។ បៀវត្សរ៍ហ្នឹង មកអំពីពីដើមយើងចាយបៀមួយឆ្នាំគេត្រូវបានប្រយោជន៍រង្វាន់ហ្នឹង ម្ដង ហ្នឹងយល់ហើយ ប៉ុន្តែឥឡូវយើងស្រេចតែនឹងប្រើទៅចុះ ដែរលោកយល់ថា ប្រាក់រង្វាន់ឆ្នាំហ្នឹងត្រូវហើយ។ ប៉ុន្តែតាមពិតប្រែថា បៀរង្វាន់ឆ្នាំ ពីព្រោះកាលនោះអត់ប្រាក់ទេ ចាយបៀ។ ចាយបៀក៏បាន ចាយកាកល័ក្តក៏បាន គេយកកាកល័ក្តហ្នឹងមកធ្វើបោះត្រាផែនដីជាសម្គាល់ទៅ គេចាយជំនួសប្រាក់ទៅ វាដូចជាប្រទេសកម្ពុជាយើងកាលសម័យអាណានិគមគេ គេបោះប្រាក់កាក់ហ្នឹងតូចៗ ឮតែថ្ងូររាល់តែគ្នា។ ដែលឆាប់ខូចបំផុត ពួកលក់សាច់ជ្រូក ដល់យូរៗសើមគគុល រួចខ្លះចេះតែនិយាយ អាត្មាចាំឮចាស់ៗថា អ្ហើ! អនេកពាន់ជាតិទៅសុំកុំឲ្យប្រាថ្នា អឺស! ប្រាថ្នាកុំឲ្យជួបនឹងអាសឹកម្ល៉ឹកនេះ! ហៅប្រាក់កាក់ក្រដាសនេះ ឥឡូវបាត់ទៅហើយអាហ្នឹង។ ចុះអ្នកលក់សាច់ជ្រូក ចុះក្អែលដៃនោះកាន់ប៉ុន្មានទៅ វាកខ្វក់អស់ទៅ! រួចរលួយអស់ទៅ អាហ្នឹងស្រេចគេសន្មតទេ រឿងការចាយវាយ ដូចជានែៗ! ធនបត្រ សព្វថ្ងៃ ដែលហៅថា ធនបត្រ គឺប្រាក់ក្រដាសហ្នឹងយកក្រដាសមកធ្វើប្រាក់ក៏បាន។ ចប់ហើយ ខទីពីរ។
ទីបីលោកឆ្ងល់ថា ខ្ញុំដូចជាចង់រកគ្រុន… អ្ហេ! យកមកសួរធ្វើអីអីចឹងនោះ។ … មាន ពូម្នាក់ មានពូម្នាក់គាត់ក្ដៅខ្លួនបន្តិចបន្តួច ទួលបង្គំសួរថា ម៉េចទៅពូ ដូចជាមិនសូវស្រួលខ្លួនឬ? គាត់ឆ្លើយថា ខ្ញុំដូចជាចង់រកគ្រុន (សើច) បើតាមចម្លើយនេះ គឺពួនោះគាត់ចង់គ្រុន (សើច) ប៉ុន្តែបើតាម (អើ! គេសួរ ក៏គួរសមដែរ) ប៉ុន្តែបើតាមពិតសម្ដីគ្រុននោះ អះ! ជំងឺគ្រុននោះគ្មានមនុស្សណាម្នាក់ចង់បានទេ បើដូច្នោះពុំគួរសោះ អះ! សំណួរនោះគួរឆ្លើយដូចម្ដេចទៅវិញ?
អីចឹងក៏សួរគ្នាដែរ។ អានេះគេហៅថាសម្ដីសាមញ្ញទេតើ! សម្ដីគេហៅថាគ្រាមភាសា សាមញ្ញភាសា គេចង់និយាយអី គេនិយាយទៅ វាតាមទម្លាប់ទៅ តាមទម្លាប់ទៅ បើគេនិយាយថាឲ្យត្រូវ សរសេរសំបុត្រស្នាម គេថាខ្ញុំថ្ងៃនេះមិនសូវស្រួលខ្លួន ដូចជារកកលគ្រុន។ រកកល គឺថាវាជិតៗនឹងគ្រុន វាផ្ដួចផ្ដើមរកកលគ្រុន។ គេនិយាយថារកកល មិនមែនចង់គ្រុនទេ គ្មាននរណាចង់ទេ។ យី! ឯងដូចជាចង់គ្រុនៗ មើលទៅថ្ងៃណេះ។ ចង់ហ្នឹង គឺគ្រុនវាចង់ទេតើ! គាត់មានចង់ឯណាគាត់។ ប៉ុន្តែដល់និយាយអីចឹងទៅវាដូចជាគាត់ចង់គ្រុន (សើច)។ មិនអីទេ! ដោះស្រាយប៉ុណ្ណឹងបានហើយ ថារកកលគ្រុន។
អានតទៅទំព័រ ទី៣
Khmer Literatures of Somdechsongharaj Choun Nat


0 comments:
แสดงความคิดเห็น