លោកអ៊ុង ផាន់ សួរអំពីពាក្យថា សារព័ត៌មាន (សារៈ ព័ត៌មាន)។ ពាក្យនេះ គេច្រើនសរសេរនៅក្នុងកាសែតទាំងឡាយ ហើយគេមើលថា សាព័ត៌មាន (សា ព័ត៌មាន) ទូលបង្គំជាខ្ញុំឆ្ងល់ថា អក្សរ “ ព” ៗហើយនឹង “ ត” ពីមុខ មាន “ ៌” លើ “ ត” នេះតើប្រកបដូចម្ដេច? បានជាគេមើលថា “ ព័ណ៌ដ៏មាន” ៗ បើគេ សរសេរ សារៈព័ត៌មាន… បើតាមទូលបង្គំជាខ្ញុំយល់វិញគួរសរសេរយ៉ាងនេះ សារៈព័ណ៌ដ៏មាន គឺសរសេរ ព សំយោគសញ្ញា (័) ណ រ ពីលើ ណ ហើយ ដ ដោយខ្លួន ដាក់
លេខប្រាំបី (៏) លើ ថា ព័ណ៌ដ៏មាន (ព រ៉ាន់ ដ មាន) ឬសារប្រវត្តិ (សារៈ ប្ររ័ត)។ បានសេចក្ដីថា ដំណឹងពិតប្រាកដ។ លោកយល់ហ្នឹងដោយយោបល់លោកក៏ម្យ៉ាងហើយ។ លោកអ៊ុង ផាន់ យល់ហ្នឹង ក៏ប៉ុន្តែតាមពិតហ្នឹងវាអីចេះទេ។ សូមជ្រាបថា ពាក្យនេះបើយើងចង់ហៅជាបាលីក៏បាន ជាសំស្ក្រឹតក៏បាន ឥឡូវយើងត្រូវថាសំស្ក្រឹតមុនចុះ។ កុំអាលនិយាយពី សារៈ និយាយតែពី ព័ណ៌ដ៏មាន។ សំស្ក្រឹតគេហៅ វត៌ម៉ាន។ វត៌ គឺអក្សរ វ ហើយ ត នៅពីខាង ជាប់ វ បាន រ នៅពីលើ ត ដែលយើងហៅថាជើងរ (្រ) នោះគឺ រ ថា ៌ ឯសំស្ក្រឹតគេហៅថា រេថៈ។ រេថៈ ហ្នឹងគឺ រ ដែលសម្រាប់ឆក់សំឡេងទៅនៅពីលើតួបន្ទាប់ នៀក! ហ្នឹងៗ គេសរសេរ វ ត រ ពីលើ ត ហើយ ម មា នឹង ន អានថា វត៌មាន (វ៉ រ៉ាត តៈ ម៉ាន)។ វត៌មាន ហ្នឹងបើជាបាលីវិញថា វត្តមាន (វ៉ាត់ តៈ ម៉ាន)។ វត្តមាន វ ត តម្រួតពីរ ម មា និង ន។ គឺពាក្យដែលថា វត៌មាន នេះហើយដែលបុរាណខ្មែរយើង យក វ ធ្វើជា ព គេមិនអាចទាញស្រៈអា (ា) យារមកទៀតទេ គេនៅជា ព អីចឹង វ ព មកពី វ គឺថា ពត៌ គេអាន ព រ៉ាត តៈ សំស្ក្រឹតថា វត៌ (វ៉ រ៉ាត តៈ)។ រួច មានះ នោះៗវាជាតួ suffixe តួបច្ច័យគឺ មានៈ បច្ច័យផ្សំនឹង វត៌ ហ្នឹងទៅ ទៅជា វត៌ម៉ាន។ ខ្មែរយើងយក វ ជា ព យកមកប្រើថា ព័ត៌មាន (ព័ ដ មាន)។ អានេះព័ត៌មានហ្នឹង ជាពាក្យសម្រួលតាមចាស់ទុំមក ដូចជាបិតា ហៅបីដា មាតា អក្សរ ត តា គេអានថា ដា។ អធិបតិ អានទៅជា អធិបតី។ សេនាបតិ ជា សេនាបតី អីចឹង។ ពីព្រោះសម្ដីហ្នឹងខ្មែរយើង ពេញចិត្តនឹងទៅ ត ទៅជា ដ ព្រោះហេតុនោះឯងទាំងបាលីហ្នឹងក៏ដោយ គេឲ្យផ្លាស់អក្សរពីរហ្នឹងបាន គេហៅយក នែក! ទន្តជៈ ជាមុទ្ធជៈ ឬយកមុទ្ធជៈ ជាទន្តជៈ។ ឯទន្តជៈនោះគឺអក្សរ ត ចុះមុទ្ធជៈនោះ គឺអក្សរ ដ។ ព្រោះហេតុនោះឯង ចង់ផ្លាស់ ដ ជា ត ក៏បាន ត ជា ដ ក៏បានតាមការស្រួល។
បើនិយាយពីបាលីវិញ ឧបមាថាដូចជា ទុក្កតំ (ទុក កៈ តាំង) ទុក្កតំ ប្រែទៅថាអ្វីដែលគេពិបាកធ្វើ។ ដែលធ្វើបានដោយក្រ ដោយពិបាក អាហ្នឹងគេថា ទុក្កតំ។ ដូចគេនិយាយថា ទុក្កតំកម្មំ (ទុក កៈ តាំង កាំ ម៉ាំង)។ ការហ្នឹងវាពិបាកធ្វើណាស់ ប៉ុន្តែគេចង់ឲ្យសំឡេងហ្នឹងវាខុសគ្នា មិនដឹងជាពីកាលណាមកទេ ហ្នឹងគេឲ្យយក ត ជា ដ ទៅជា ទុក្កតំ (ទុក កៈ ដាំង) ប៉ុន្តែដល់អានវាឮតែ តំ តាំងៗ ដូចគ្នា។ ប៉ុន្តែ តំ (តាំង) មួយសំឡេងចេញមកពីបន្ទល់ធ្មេញ អាហ្នឹងគឺ ត ថ ទ ធ ន នោះ។ តាំងមួយអក្សរ ដ នោះយើងខ្មែរ អានថា ដ ជាតិដទៃគេអានថា ត ដែរ ប៉ុន្តែ ត ហ្នឹងសំឡេងថា តៈ បើថាជាបាលីថា តៈ ចុះមួយ ត ថ នោះគេអានថា តថ អត្មាអស់ធ្មេញទៅ គ្រាន់តែពន្យល់ទេ ឲ្យចេញពីធ្មេញឲ្យឮមកក្នុងធ្មេញ ត ថ អាមួយថា តត់ ហ្នឹងខ្មែរទៅមិនសូវរួចទេ ព្រោះហេតុនោះ បានជាគេរាប់ទៅជា ដ។ ឯតាមពិតនោះ សំឡេងនោះវាជិតគ្នាទេ ប៉ុន្តែខ្មែរយើងវាទៅជា ដ ដូចជាព័ត៌មាន។ ដល់ឥឡូវបង្កើតពាក្យឈ្មោះកាសែតដែលហៅ សារៈព័ត៌មាន បាន ព័ត៌មាន ហ្នឹងសឹមប្រែឲ្យលោកសិន លោកសួរថាប្រែថាម៉េច ព័ត៌មាន ហ្នឹង វត៌មាន ហ្នឹង វត្តមាន ហ្នឹងប្រែថា អ្វីដែលកំពុងតែ។ បើប្រែឲ្យច្បាស់មកថា បច្ចុប្បន្ន។ បើនិយាយពីរឿង ថារឿងបច្ចុប្បន្ន រឿងអ្វីដែលកំពុងតែ ឥឡូវណេះហ្នឹងអានឹងហៅថា វត៌មាន គឺ ព័ត៌មាន ហ្នឹង ដំណឹងដែលថ្មីៗនេះ ដំណឹងដែលទើបនឹងកើតមាននឹងហៅថា ព័ត៌មាន។ ប្រហែលជាលោកផាន់ យល់ហើយក៏មិនដឹង។ អាត្មាប្រែម្ដងទៀតថា វត៌មាន សំស្ក្រឹត បាលី វត្តមាន បើតាមហ្នឹងដែលក្លាយមកជា ព័ត៌មាន នេះ គួរអាន ព រ៉ាត តៈ ម៉ាន ដ្បិត ត វានៅពីលើ ម ជិតគ្នា ម ជាអក្សរចុះក្នុងវង់សម្លាប់ នេះនិយាយតាមខ្មែរត្រូវ ម ហ្នឹងទៅជា មា មៀ ទៅជាម៉ា ហេតុអីក៏ ម៉ា? ពីព្រោះ តៈ វានៅពីលើហើយវាភ្ជាប់ទៅជារូបសព្ទមួយហើយ គេអានថា វាត់ តៈ ម៉ាន វត្តមាន ព រ៉ាត់ តៈ ម៉ាន ព័ត៌មាន ប៉ុន្តែឥឡូវយើងថាមិនកើត ពីព្រោះចាស់ទុំយើងហៅ ព័ត៌មាន (ព ដៈ មាន) ទៅហើយ។ និយាយថា ព័ត៌មាន (ព តៈ ម៉ាន) វិញវាប្លែកត្រចៀកគេណាស់ កែមិនរួចទេ! នេះហើយដែលអាត្មាតាមចំណាំជម្រាបមកថា ពាក្យណាមួយ សម្ដីដែលយើងនិយាយថាវាជ្រុលហួសហើយ វាខុសហើយ។ ហ្នឹងគឺយូរឆ្នាំទៅយើងកែវិញមិនបានទេ។ ដូចពាក្យថា បត្តិញាណ (ប៉ាត់ តិ ញៀន)។ បត្តិញាណ មេឃុំ លក់គោ លក់ក្របី រហូតដល់មក បត្តិញាណ អនុញ្ញាតឲ្យកុលបុត្របួសក្នុងសាសនា ហ្នឹងក៏ហៅ បត្តិញាណ មេឃុំដែរ។ បើនិយាយតាមពាក្យហ្នឹង វាមិនមែន បត្តិញាណ ទេ សម្ដីខ្មែរ គេអានថា បត្តិញាណ (ប៉ាត់ តិ ញ៉ាន) ពីព្រោះអក្សរ តិ វានៅពីលើអក្សរ ដិ វានៅពីលើ ត ម វា ត្ម ត្មា (ត ម៉ា) ដូចជា វត៌មាន (វ៉ តៈ ម៉ាន) អីចឹង (ត ម) វា ត្ម វាមិនមែន ត្ម ត្មា (ត មៀ) ទេ។ ប៉ុន្តែឥឡូវ ទើបបុរាណថា ព័ត៌មាន (ព ដៈ មាន) បើឯងអានទៅជា ព័ត៌មាន (ព័រ តៈ ម៉ាន) វិញ គេថាយើងព្រើលទៅហើយ។ ដែលនិយាយនេះឲ្យលោកអ៊ុង ផាន់ សួរហ្នឹង គឺគ្រាន់តែពន្យល់ទេ មិនឲ្យថា ពត៌មាន (ព រ៉ាត តៈ ម៉ាន) នោះទេ តិចលោទៅថាអីចឹង។ បើបាលីដែលគេរៀនសព្វថ្ងៃហ្នឹងគេអាន (វាត់ តៈ ម៉ាន)។ វត្តមាន នេះជាឈ្មោះ ឈ្មោះវិភត្តិអាខ្យាត ចំណែកខាងការបំបែកកិរិយាសព្ទ ដែលបារាំងហៅថា verbe ជាពួកឈ្មោះម៉ូតៗរបស់ verbe នោះផង គឺបច្ចុប្បន្ន verbe ណា បច្ចុប្បន្ន ដូចថា ខ្ញុំទៅ… ខ្ញុំធ្វើ… ខ្ញុំឲ្យ… អាហ្នឹងគឺជាបច្ចុប្បន្នគេហៅ វត្តមាន។ វត្តមាន គឺដូចព័ត៌មាន (ព រ៉ាត តៈ មាន) អីចឹង។ ឥឡូវ សារៈព័ត៌មាន ចុះហេតុអីគេយក សារៈ នឹងមកថី! គឺលោកអ្នកបង្កើតពាក្យ លោកថា ព័ត៌មានដែលមានខ្លឹមសារ ដែលមានប្រយោជន៍ intéressant បារាំងថា intéressant ហើយអានឹង ដំណឹងអីមួយដែលគួរយកមកនាំថ្លែង យកមកឲ្យអស់លោកអ្នកទាំងអស់ឮរាល់គ្នាហ្នឹង បានជាបង្កើត បញ្ចូលពាក្យ សារៈ នេះមួយមក ប៉ុន្តែដល់អ្នកអាន លោកអាន សាព័ត៌មាន ហ្នឹងមិនកើតទេ អានហ្នឹងខូចហើយ ខូចសម្ដីមួយហើយ។ នេះអាត្មាបានសរសេរពន្យល់មក លោកចាងហ្វាងវិទ្យុហ្នឹង ច្រើនដងណាស់ ប៉ុន្តែគឺអ្នកអាននេះឯង គេមិនសូវយកចិត្តទុកដាក់ ខ្លះក៏ថា សារៈព័ត៌មានទៅ ខ្លះថាសាព័ត៌មាន ទៅ ថាសាព័ត៌មាន វាបាត់ រ ទៅ វាទៅជាព័ត៌មាន ដែលរើសាជាថ្មីវិញ ពីព្រោះសាចុះសាឡើង ដូចយើងនិយាយថា គេសាឡើងជាថ្មី ទៅមួយសាពីរសា។ សា ហ្នឹងគ្មាន រ ទេ។ ដូចជាសាស្រូវ សាអី ដែលវារើឡើងទៀត ហ្នឹងដែលគេហៅថា សា វាដែលគេច្រូតអីចឹងទៅ នៅជញ្ជ្រាំង វា ហើយមានទឹក មានដីសើម ជញ្ជ្រាំងវានៅស្រស់ វាដុះពីជញ្ជ្រាំងហ្នឹងឡើងទៀត ដុះភ្លាម ចេញឱនទៅ ទុំភ្លាមមិនយូរទេ អាហ្នឹង គ្រាប់ល្អិតៗ រួចស្រូវនេះបាយឆ្ងាញ់ផង ប៉ុន្តែវាពិបាកច្រូតណាស់ អាហ្នឹងគេហៅថា ស្រូវសា គេហៅ សាស្រូវក៏បាន គេសួរថា “ ចុះអង្ករហ្នឹងអីល្អិតឆ្មិញអីចេះ! ថាទេ! អង្ករសាស្រូវសាទេ។ តាឡេងៗ គ្រាប់ស្រូវហ្នឹងល្អណាស់។ អាហ្នឹងគេហៅថា សា។ សា ហ្នឹងអត់ រ ទេ។ រួចបើយើងអាន សាព័ត៌មាន វាដូចជាសាហ្នឹងអីចឹងដែរ ថាព័ត៌មានហ្នឹងគេរើសើឡើងវិញជាថ្មីទៀត។ មិនមែនជាព័ត៌មាន មានខ្លឹម មានប្រយោជន៍នោះទេ។
នេះហើយបានអាត្មាចេះតែរំឮក ថាកុំឲ្យអានខុសអីចឹង។ រួចចេះតែកញ្ឆក់ ហើយនិងប្រញឹក ចុះប្រញាប់នឹងទៅណា គ្រាន់តែ រៈ។ រៈ ហ្នឹងឮតែបន្តិច ចុងមាត់ប៉ុណ្ណឹងតើ! សារព័ត៌មានៗ។ កុំចាំ (សា រៈ ព ដ មាន) សារព័ត៌មាននោះ វាវែងណាស់។ កុំឲ្យតែ សាព័ត៌មាន។ សារព័ត៌មាន សារទូរលេខ សារទូរស័ព្ទ សារប្រយោជន៍។ រួចឥឡូវ សាប្រយោជន៍ សាទូរលេខ សាទូរស័ព្ទ។ ទូរលេខ (ទូ រៈ លេ ខៈ) មកពី៖ ទូរៈ ប្រែថាពីចម្ងាយ។ លេខៈ ថាសរសេរកាលនោះ គឺថាប្រែឲ្យត្រូវនឹងពាក្យថា តេឡេក្រាម ថាសរសេរមកពីចម្ងាយ។ តេឡេហ្វូន និយាយ ឬកត់មកពីចម្ងាយ។ ចុះរួចបើថា ទូលេខ ទូសព្ទ ហើយវាទៅជាទូដាក់លេខ ទូដាក់ នែក! កុម្ពី អីទៅហើយ? វាខុសគ្នាអីចឹង! បានជាតោងកុំអាលចោល កុំអាលនឹងទៅ! ប្រញឹកទៅណា អក្សរគេមានដូចជានិយាយទៅវាបែកទៅទៀត។ អាត្មាចំណាំទូលថ្វាយថា ព្រះរាជឱង្ការនូវព្រះបន្ទូលសូរសីហនាទ ព្រះបាទសម្ដេច អង្គអីៗ គេចេញព្រះនាមទៅ មិនថានែក! សូរសីហនាទទេ សូសីនាទ (សូ សី នាត)។
សូរៈ ប្រែថា…
អានតទៅទំព័រ ទី២
Khmer Literatures of Somdechsongharaj Choun Nat


0 comments:
แสดงความคิดเห็น