Somdech Songharaj Choun Nat

៧. ឋានន្តរ​បរិច្ឆេទ (កំណត់​អំពី​ឋានន្តរ)

ព.ស.​២៤៨៦ គ.ស.​១៩៤២ សម្ដេច​ទ្រង់​បាន​ទទួល​ឋានន្តរ ជា​ចាងហ្វាង​នៃ សាលា​បាលី​ជាន់​ខ្ពស់​ ក្រុង​ភ្នំពេញ ដែល​សព្វ​ថ្ងៃ​កែ​ប្រែ​ឈ្មោះ​ជា​ពុទ្ធិក​វិទ្យាល័យ​ព្រះ​សុរាម្រឹត។
ព.ស.​២៤៨៨ គ.ស.​១៩៤៤ សម្ដេច​ទ្រង់​បាន​ទទួល​តំណែង​ជា​ចៅ​អធិការ​វត្ត​ឧណ្ណាលោម។
ព.ស.​២៤៨៩ គ.ស.​១៩៤៥ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​អធិបតី​នៃ​ថេរសភា គឺ​ក្រុម​ជំនុំ​ជាន់ខ្ពស់​របស់​សង្ឃ។
ព.ស.​២៤៩១ គ.ស.​១៩៤៧ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​អនុ​ប្រធាន​គណៈកម្មការ​វប្បធម៌​ផ្នែក​អក្សរ ក នៃ គណៈកម្មការ​ជាតិ​ខាង​ការ​សិក្សា។
ព.ស. ​២៤៩២ គ.ស.​១៩៤៨ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​ប្រធាន​គណៈកម្មការ​ធម្មវិន័យ​ពិនិត្យ​ការ​ ផ្សាយ​សៀវភៅ​សម្រាប់​សាលា​ធម្មវិន័យ​ក្នុង​ព្រះរាជាណាចក្រ។
គ.ស. ​១៩៦១ រហូត​មក សម្ដេច​ទ្រង់​ប្រោស​មេត្តា​ទទួល​និមន្ត​របស់​សមាគម​អ្នក​និពន្ធ​ខ្មែរ​ធ្វើ​ ជា​ព្រះប្រធាន​នៃ ការសម្ភាស​អក្សរសាស្ត្រ ផ្សាយ​តាម​វិទ្យុ​ជាតិ​រៀងរាល់​ថ្ងៃ​សុក្រ។
គ.ស.​១៩៦៨ ទ្រង់​ទទួល​ឋានៈ​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ​អត្ថបទ​ផ្សាយ​ជា​រឿង​ខាង​ប្រវត្តិសាស្ត្រ​ខ្មែរ។
គ.ស.​១៩៦៩ ព្រះអង្គ​ទ្រង់​ទទួល​ការ​តែងតាំង​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ និង​កំណត់​អំពី​ន័យ​របស់​ទង់​ជាតិ​ខ្មែរ។
ព្រះ​កិច្ចការ​ដែល​​សម្ដេច​ទ្រង់​បាន​បំពេញ​ក្នុង​ព្រះពុទ្ធ​សាសនា​នៅ​បរទេស
នៅ ​ព.ស.​២៤៧៥ គ.ស.​១៩៣១ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភួ​នៃ​មន្ត្រី​សង្ឃ ទៅ​កាន់​ក្រុង​វៀងច័ន្ទន៍ និង​ក្រុង​ហ្លួង​ព្រះបាង ប្រទេស​លាវ ដើម្បី​រួបរួម​ក្នុង​ពិធី​សម្ពោធ​ពុទ្ធ​សាសន​បណ្ឌិត្យ​ប្រទេស​លាវ​ផង ដើម្បី​ជំនុំ​ពិភាក្សា​អំពី​ការ​សិក្សា​សម្រាប់​សាលា​បាលី​រង​នៅ​ប្រទេស​លាវ ​ផង។
ព.ស.​ ២៤៧៧ គ.ស.​១៩៣៣ សម្ដេច​ទ្រង់​បាន​ដឹកនាំ​ គណៈ​ប្រតិភូ​ព្រះសង្ឃ​ខ្មែរ​ទៅ​ធ្វើ​ទស្សនាចរណ៍​ចំពោះ​វត្ត​ខ្មែរ​ទាំងឡាយ​ ក្នុង​ដែន​កូសាំងស៊ីន កម្ពុជា​ក្រោម។
នៅ ​ព.ស.​២៤៨៣ គ.ស.​១៩៣៩ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​មួយ​ទៅ​កាន់​ប្រទេស​លាវ​ម្ដង​ទៀត ដើម្បី​ប្រជុំ​ប្រឹក្សា​កិច្ចការ នៃ​ពុទ្ធ​សាសន​បណ្ឌិត្យ​ប្រទេស​លាវ និង​ការ​សិក្សា​សម្រាប់​សាលា​បាលី​នៅ​ប្រទេស​លាវ​ផង ដើម្បី​ជួយ​រំលឹក​ដាស់​តឿន​ប្រជាជាតិ​លាវ​ឲ្យ​មាន​ការ​សិក្សា​ព្រះ​ បរិយត្តធម៌ និង​ការ​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា ឲ្យ​ស្រប​គ្នា​តាម​របៀប​ការ​សិក្សា និង​ការ​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា​នៃ​ប្រទេស​កម្ពុជា ទាំង​ប្រជាជាតិ​នៅ​ក្នុង​ទី​ប្រជុំជន និង​ក្នុង​ខេត្ត​នានា នៃ​ព្រះរាជាណាចក្រ​លាវ ខំ​ប្រឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា និង​ការ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹម​ត្រង់​គន្លង​ព្រះ​ពុទ្ធ​សាសនា​ផង។
ព.ស. ​២៤៨៧ គ.ស.​១៩៤៣ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​សមាជិក​ឆ្លើយឆ្លង​នៃ​សាលា​បារាំង​សែស​នៅ​ចុង ​បូព៌ា​ប្រទេស ហើយ​នៅ​ព.ស.​២៤៩២ គ.ស.​១៩៤៨ សម្ដេច​បាន​ទ្រង់​ទទួល​នាទី​ជា​សមាជិក​កិត្តិយស​នៃ​សាលា​នេះ​ដរាប​មក។
ព.ស. ​២៤៩៤ គ.ស.​១៩៥០ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​នៅ​ប្រជុំ​សន្និសីទ​ដើម្បី​ បង្កើត​ពុទ្ធិក​សមាគម​ពិភព​លោក​នៅ​ក្រុង​កោលម្បូ ប្រទេស​ស្រី​លង្កា​ទ្វីប។
នៅ ​ព.ស.​២៤៩៧ គ.ស.​១៩៥៣ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​បំពេញ​បេសកកម្ម​សុឆន្ទៈ​ ប្រឹក្សា​សម្រេច​រឿង​ឆដ្ឋសង្គាយនា នៅ​ក្រុង​រង្គូន សហភាព​ភូមា។
ក្នុង ​ឆ្នាំ​ជា​បន្ទាប់​នៅ​ព.ស.​២៤៩៨ គ.ស.​១៩៥៤ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​និមន្ត​នៅ​កាន់​​ក្រុង​រង្គូន ប្រទេស​ភូមា​ម្ដង​ទៀត ដើម្បី​រួបរួម​ក្នុង​ការ​ប្រជុំ​ធ្វើ​ឆដ្ឋសង្គាយនា​សម័យ​ប្រជុំ​ដំបូង។
កន្លង ​មួយ​ឆ្នាំ​ក្រោយ​មក ព.ស.​២៤៩៩ គ.ស.​១៩៥៥ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​កាន់​ទី​ឆដ្ឋសង្គាយ នៅ​ក្រុង​រង្គូន ប្រទេស​ភូមា ជា​លើក​ទី​បី​ដើម្បី​ប្រជុំ ហើយ​បិទ​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ។
នៅ ​ព.ស.​២៥០៣ គ.ស.​១៩៥៩ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​កាន់​ក្រុង​ជកត៌ា និង​ក្រុង​សឹម៉ារ៉ាំង កោះ​ជ្វា ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ​វិសាខ​បូជា។
ព.ស. ​២៥០៣ ចូលរួម​ពិធី​បញ្ចុះ​ខណ្ឌ​សីមា និង​ពិធី​សន្មត​រោង​ឧបោសថ ព្រម​ទាំង​ជា​ព្រះ​ឧបជ្ឈាយ៍​បំបួស​កុល​បុត្រ អ្នក​ប្រទេស​នោះ​ចំនួន​បី​រូប​ផង។
៨. សមណសក្ដិ​បរិច្ឆេទ (កំណត់​អំពី​សមណស័ក្តិ)
ដោយ​ព្រះមហា​វិរិយភាព​ របស់​សម្ដេច ដែល​ទ្រង់​បាន​បំពេញ​ទាំង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា ទាំង​ផ្លូវ​លោក​ដែល​យើង​បាន​ឃើញ​ជា​ភស្តុតាង សម្ដេច​ក៏​បាន​ឡើង​សមណស័ក្តិ​ជា​លំដាប់លំដោយ ដូច​តទៅ​នេះ​គឺ៖
ព.ស. ​២៤៥៤ គ.ស.​១៩១០ សម្ដេច​បាន​ទទួល​ការ​តែងតាំង​ក្នុង​សមណស័ក្តិ ជា​ព្រះ​បាឡាត់​សាក្យបុត្តិយ៍ (បាឡាត់​របស់​ព្រះ​សក្យវង្ស នុត វត្ត​ឧណ្ណាលោម)។
ព.ស. ​២៤៥៦ គ.ស.​១៩១២ សម្ដេច​បាន​ទទួល​សមណស័ក្តិ​ជា​ព្រះ​គ្រូ​សង្ឃ​សត្ថា (ទី​ឋានានុក្រម សម្រាប់​ថ្នាក់​ឯក​របស់​សម្ដេច​ព្រះសង្ឃ​រាជ​ព្រះនាម​ ទៀង)។
ព.ស.​២៤៧៥ គ.ស.​១៩៣១ សម្ដេច​បាន​ឡើង​សមណស័ក្តិ​ជា​ព្រះ​សាសនសោភ័ណ (រាជាគណៈ​កិត្តិយស)។
ព.ស.​២៤៨៤ គ.ស.​១៩៤០ សម្ដេច​បាន​ឡើង​សមណស័ក្តិ​ជា​ព្រះពុទ្ធ​ឃោសាចារ្យ (រាជាគណៈ​ថ្នាក់​ទី​២)។
ព.ស.​២៤៨៨ គ.ស.​១៩៤៤ សម្ដេច​បាន​ឡើង​ជា​សមណស័ក្តិ​ជា​ព្រះពោធិវ័ង្ស (រាជា​គណៈ​ថ្នាក់​ទី​១)។
ព.ស.​២៤៩២ គ.ស.​១៩៤៨ សម្ដេច​បាន​ឡើង​សមណស័ក្តិ​ខ្ពស់​បំផុត​ជា​ព្រះមហាសុមេធាធិបតី សង្ឃនាយក គណៈមហានិកាយ។
ព.ស. ​២៤៩៤ គ.ស.​១៩៥០ ព្រះករុណា​ជា​អម្ចាស់​ជីវិត​ទ្រង់​បាន​ប្រោស​ប្រទាន​ប្រគេន​ព្រះ​ឋានៈ​ជា​ សម្ដេច​ព្រះ​មហាសុមេធាធិបតី សង្ឃនាយក​គណៈ​មហានិកាយ។
លុះ​ដល់​មក​ព.ស.​២៤៩៨ គ.ស.​១៩៥៤ រដ្ឋាភិបាល​សហភាព​ភូមា​បាន​ប្រគេន​ព្រះ​ឋានៈ​សម្ដេច​ជា ព្រះ​អគ្គ​មហា​បណ្ឌិត​សហភាព​ភូមា។
ស្រាប់ ​តែ​ដល់​មក​ព.ស.​២៥០១ គ.ស.​១៩៥៧ រដ្ឋាភិបាល​សហភាព​ភូមា បាន​សូម​តម្លើង​ព្រះ​ឋានៈ​សម្ដេច​ជា ព្រះ​អភិធជៈ​មហារដ្ឋ​គរុ នៃ​សហភាព​ភូមា​ទៀត ដែល​ជា​សមណស័ក្តិ​ដ៏​ខ្ពស់​បំផុត​មាន​តែ​មួយ​អង្គ​ក្នុង​សហភាព​ភូមា។
ខែ ​កុម្ភៈ គ.ស.​១៩៦៤ អ្នក​និពន្ធ​ខ្មែរ​ទាំង​អស់​បាន​ថ្វាយ​ព្រះឋានៈ​ព្រះអង្គ​ជា ព្រះអគ្គ​និពន្ធ​អក្សរសាស្ត្រ​ខ្មែរ និង​ជា​សមាជិក​កិត្តិយស​នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ផង។
ព.ស. ​២៥០៧ គ.ស.​១៩៦៣ សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​កម្ពុជា ទ្រង់​បាន​ប្រោស​ប្រទាន​ព្រះ​ឋានៈ​សម្ដេច​ជា សម្ដេច​ព្រះសង្ឃរាជ​ថ្នាក់​ទី​១។
ថ្ងៃ ​ទី​២៨ ឧសភា ១៩៦៧ ទ្រង់​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​អក្សរសាស្ត្រ ពេញ​លក្ខណៈ​អំពី​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ក្នុង​នាម​មហាវិទ្យាល័យ​ អក្សរសាស្ត្រ និង​មនុសាស្ត្រ នៃ​ភូមិន្ទ​សកល​វិទ្យាល័យ។
៩. ឥស្សរិយ​បរិច្ឆេទ (កំណត់​អំពី​ឥស្សរិយយស)
គ្រឿង​ឥស្សរិយយស​ដែល​សម្ដេច​បាន​ទទួល​មាន​ដូច​តទៅ​នេះ គឺ៖
- មេដាយ​អស្សឫទ្ធិ​មុនីសារភរណ៍ នៅ​ព.ស.​២៤៦១ គ.ស.​១៩១៧។
- មេដាយ​អស្សឫទ្ធិ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៤៦៧ គ.ស.​១៩៣២។
- មេដាយ​អស្សឫទ្ធិ​ដំរី​មួយ​លាន និង​ស្វេតច្ឆត្រ ប្រទេស​លាវ នៅ​ព.ស.​២៤៧៦ គ.ស.​១៩៣២។
- មេដាយ​សេនា​នៃ​បណ្ឌិត​សភា សាធារណរដ្ឋ​បារាំង នៅ​ព.ស.​២៤៨១ គ.ស.​១៩៣៧។
- មេដាយ​អស្សឫទ្ធិ​ដឹឡាឡេស្យុង​ដូណ្ណើរ នៃ​សាធារណរដ្ឋ​បារាំង នៅ​ព.ស.​២៤៨៦ គ.ស.​១៩៤២។
- មេដាយ​សេនា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៤៨៨ គ.ស.​១៩៤៤។
- មេដាយ​សេនាដឹឡាឡេស្យុង​ដូណ្ណើរ នៃ​សាធារណរដ្ឋ​បារាំង នៅ​ព.ស.​២៤៩២ គ.ស.​១៩៤៨។
- មេដាយ​មហា​សិរីវឌ្ឍន៍ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៥០៥ គ.ស.​១៩៦២។
- មេដាយ​មហា​សិរីវឌ្ឍ​សុវត្ថារា នៅ​ព.ស.​២៥០៦ គ.ស.​១៩៦៣។
- មេដាយ​ជាតូបការ ដែល​ជា​គ្រឿង​ឥស្សរិយយស​ធំ​បំផុត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៥១៣ គ.ស.​១៩៦៩។ អានតទៅទំព័រទី៣


0 comments:

แสดงความคิดเห็น

Twitter Delicious Facebook Digg Favorites More